Sunday, October 5, 2014

អនិច្ចា!សម្តេចសង្ឃ ហួត តាត

អនិច្ចា!សម្តេចសង្ឃ ហួត តាត
បទកាកគតិ
១.     សម្តេចហួតតាត             ព្រះកាយស្អាតបាត          ចរិយាសមរម្យ
         វិជ្ជាខ្ពង់ខ្ពស់                   កេរឈ្មោះភិរម្យ               ទំាងស្តេច លោកធំ       គោរពចេស្តា។
២.    ពេលអន្តរកប្ប                ប៉ុលពតសម្លាប់                មិនដឹងទីណា
        សិស្សគណសោកស្តាយ  អង្គុយសោកា                   រកទីមរណា     មិនឃើញសោះឡើយ។
៣.    ហេតុមានកម្មផល          អតីតមកផ្តល់                   ទាន់ជាតិនេះហើយ
        មិនអាចគេចផុត            អោយរួចសៈស្បើយ           កម្មតាមកៀកកើយ  ដល់កាយសម្តេច ។
៤.    អនិច្ចា!ម្លេះ                   វិជ្ជាចំណេះ                       ខ្ពង់ខ្ពស់សម្រេច
       ស្នាព្រះហស្ថច្រើន          ជួយសង្គមស្រេច               ទុកក្បួនចែងចាត់      អប់រំកូនខ្មែរ ។
៥.    តែផលចុងក្រោយ          សម្តេចទ្រង់សោយ            ទុក្ខកម្មឥតល្ហែ
        នេះឬលទ្ធផល              អ្នកប្រាជ្ញសង្ឃខ្មែរ             ជួយជាតិរាស្រ្តខ្មែរ     ផលបានជាទុក្ខ ។
៦.    អ្នកប្រាជ្ញទីទៃ                សុគតមានន័យ                 គេរៀបចំទុក
        រៀបចំបុណ្យថ្វាយ          ឧទ្ទិសទំនុក                     ថ្វាយព្រះភ្លើងភ្លុក    ឆ្លងបុណ្យរាប់យប់។
៧.    តួយ៉ាងសម្តេច              ល្វីឯមសង្ឃស្តេច              ជួនណាតបណ្ឌិត
        និលទៀង អ៊ុម ស៊ូ          សុគតន័យពិត                 កត្តិយសប្រណីត  គេរៀបបុណ្យថ្វាយ ។
៨.     កម្មអ្វី សម្តេច               ហួត តាតបណ្ឌិត              កម្មកើនកិតកាយ
        សុគតគ្មានន័យ             គ្មានព្រះភ្លើងថ្វាយ            សមសក្តិសុះសាយ       សមវិជ្ជាខ្ពស់ ។
៩.    សូមបុណ្យអក្ខរា            កើតពីប៉ាកា                      ចាពីនាមឈ្មោះ
        សោកស្តាយសម្តេច       ហួត តាតរងគ្រោះ             ជូនបុណ្យចំពោះ    សូមអោយផុតកម្ម ។
             បញ្ជាក់ៈ ល្បៈទី១ ទី២ ទី៣ គឺនិពន្ធដោយព្រឹទ្ធាចារ្យអតីតសាស្រ្តាចារ្យ លី សុវីរ    ដកស្រង់ចេញពីក្នុងសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ។ ចាប់ពីត្រឹមល្បៈទី៤ មកគឺនិពន្ធបន្ថែមដោយខ្ញុំព្រះករុណាខ្ញុំបាទ៖ ផេង សុខវ៉ាន់ដា ។ រាជធានីភ្នំពេញ , ថ្ងៃទី ២២ ខែ មេសា ឆ្នំា ២០១២
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

Thursday, October 2, 2014

សូមបង្ហាញជូនអំពីអក្សរសិល្ប៍កុមារនៅកម្ពុជា

សូមបង្ហាញជូនអំពីអក្សរសិល្ប៍កុមារនៅកម្ពុជា
ក-ក្រោយសម័យអង្គរ មានបួនសម័យកាលគឺៈ
1-សម័យអនានិគម អក្សរសិល្ប៍កុមារមានពីរចលនា។
-ចលនាទី១ការនិទានរឿងតៗគ្នា មានពីរចរន្តទៀត។ 
ចរន្តទីមួយ រឿងបែបលើកតម្កើងត្រកូលអភិជន ដូចជា
រឿងធនញ្ជ័យ (ហៅរឿងអាជ័យប្រាជ្ញ) ។ ចរន្តទីពីរ រឿង
បែបបន្តុះបង្អាប់វណ្ណៈកសិករ និងកម្មករ ដូចជារឿងអាជ័យ
មីគ្រត(រឿងអាជ័យល្ងង់)រឿងអាសម្គមបាញ់លលកនិង
រឿងអាតម្លង់ប្រាំពីរសន្តានជាដើម។ល។
-ចលនាទី២ រឿងល្បើកជាពាក្យកាព្យជាច្រើនត្រូវបាន
ចារជាសាត្រាស្លឹករឹត នៅតាមវត្តអារាមនានា ដូចជារឿង
ជុចនិងត្រីរឿងបណ្តាំក្តាមខ្យង និងរឿងជាងកែវជាដើម។ល។
2-សម័យកាលប្រទេសជាតិបានឯករាជ្យ
ក្នុងសម័យកាលនេះអក្សរសិល្ប៍កុមារមានចលនាជឿន
លឿនជាង សម័យអនានិគមដូចជាការនិទានតៗគ្នា នៅ
តែបន្ត។ ហើយរឿងព្រេងនិទានជាច្រើនត្រូវបានបោះពុម្ព
ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបាន៩ភាគ។
សៀវភៅគតិលោកជាច្រើនភាគ និងសៀវភៅស្រីហិតោបទេស
ដែលប្រែពីភាសាសំស្ក្រឹតដោយព្រះភិក្ខុប៉ាង ខាត់
មាន៤ភាគ ដែលមានខ្លឹមសារ បំបែកមិត្ត គប់មិត្ត សង្គ្រាម
និងសន្តិភាព។(តួអង្គក្នុងភាគនីមួយៗជាតួអង្គសត្វ)ក្រៅពីនេះ មានរឿងកុមារជាច្រើនទៀត ដែលបោះពុម្ពដោយ
ក្រសួងអប់រំ។
3-សម័យរបបផ្តាច់ការប៉ុល ពត៣ឆ្នាំ៨ខែ និង២០ថ្ងៃ
ក្រៅពីកាប់សម្លាប់មនុស្ស ពួកវាបានលប់បំបាត់វប្បធម៌
ប្រពៃណីជាតិលើគ្រប់វិស័យ។ ក្នុងនោះមានអក្សរសិល្ប៍
កុមារផងដែរដែលគេលុបបំបាត់ចោល។
4-សម័យរដ្ឋកម្ពុជា(១៩៧៩-៩៣)វប្បធម៌ ប្រពៃណី
ទំនៀមទម្លាប់ជាតិ ក្នុងនោះមានអក្សរសិល្ប៍កុមារផងដែរ
ត្រូវបានស្តារឲ្យរស់ឡើងវិញ។ ដូចជាលោកគ្រូ អ្នកគ្រូ និង
បណ្ណារក្សតាមសាលារៀនបាននិទានរឿងឲ្យកុមារស្តាប់។
តាមរយៈក្រសួងអប់រំ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និង
ទស្សនាវដ្តីនានា ក៏បានបោះពុម្ពរឿងកុមារឡើងវិញ។
ខ-អក្សរសិល្ប៍កុមារសម័យបច្ចុប្បន្ន(១៩៩៣-២០១១)អក្សរសិល្ប៍កុមារបានរីកចម្រើនយ៉ាងខ្លាំងក្លា គឺយើងមិន
ត្រឹមតែអភិរក្សអ្វីៗដែលមានពីមុនមកទេទាំងរាជរដ្ឋាភិបាល
ទាំងអង្គការ និង សមាគមនានាក្រៅរដ្ឋាភិបាលព្រមទាំង សហគ្រាសបោះពុម្ពឯកជនផ្សេងៗទៀត ក្នុងនោះក៏មាន
អង្គការជាច្រើនដូចជាអង្គការS.V.A.អង្គការRoom to Read
ជាដ់ើមដែលបាននឹងកំពុងចូលរួមអភិវឌ្ឍលើផ្នែកអក្សរ
សិល្ប៍កុមារនេះ។ កន្លងមកអង្គការ Room to Read
បានបោះពុម្ពសៀវភៅរឿងដោយរូបភាពសម្រាប់កុមារ
និងសៀវភៅកំណាព្យរូបភាពសម្រាប់កុមារ ដែលពី មុនមកមិនធ្លាប់មានដោយបានបោះពុម្ពពី៥០០០ច្បាប់ទៅ
១០ ០០០ច្បាប់ក្នុងមួយចំណងជើង។
ដោយ វ៉ែន សុន

ព្រឹទ្ធាចារ្យវរៈសិល្បករខ្មែរចំនួន ១៧រូប ត្រូវបានតែងតាំងជាមតកមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា

ព្រឹទ្ធាចារ្យវរៈសិល្បករខ្មែរចំនួន ១៧រូប ត្រូវបានតែងតាំងជាមតកមនុស្សរស់
នៃព្រះរាជាណាចក្រកម្ពុជា
-------------------------------------------------------------------------------------
ព្រឹទ្ធាចារ្យសិល្បករខ្មែរចំនួន ១៧ រូប ត្រូវបានប្រកាសតែងតាំងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្របតាមព្រះរាជក្រឹត្យពីព្រះបរមរាជវាំង ស្របតាមងាររៀងៗខ្លួន។ ព្រឹទ្ធាចារ្យសិល្បៈទាំងនោះរួមមាន ដូចតទៅ៖                                                        ១.ព្រឹទ្ធាចារ្យសិល្បៈ សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី           ត្រូវតែងតាំងជា៖ទេពនាថវដ្តីឯក។                                                          ២.ព្រឹទ្ធាចារ្យសិល្បៈឆេងផុនត្រូវតែងជា៖ទេពបញ្ញាកោសល្យវិជ្ជា    ៣.ព្រឹទ្ធាចារ្យសិល្បៈចាន់ស៊ឹមត្រូវបានតែងតំាងជា៖វឌ្ឍកីទេពនិម្មិត   ៤.ព្រឹទ្ធាចារ្យសិល្បៈជេតចនត្រូវតែងតាំងជា៖ទេពនិម្មិតវិចិត្រ             ៥.ព្រឹទ្ធាចារ្យសិល្បៈឯមធាយត្រូវបានតែងតំាងជា៖ទេវនាដនិម្មិត     ៦.ព្រឹទ្ធាចារ្យសិល្បៈរស់គង់ត្រូវបានតែងតំាងជា៖វិសេសនាដការីវិជ្ជា  ៧.ព្រឹទ្ធាចារ្យសិល្បៈគង់ណៃត្រូវបានតែងតំាងជា៖កោសល្យវោហារ   ៨.ព្រឹទ្ធាចារ្យសិល្បៈប្រាជ្ញឈួនត្រូវបានតែងតំាងជា៖ភិរម្យវោហារ   ៩.ព្រឹទ្ធាចារ្យសិល្បៈ ជា ហ៊ា ត្រូវបានតែងតំាងជា៖ នាដកោសល្យវិជ្ជា  ១០.ព្រឹទ្ធាចារ្យសិល្បៈសុខឌុច ត្រូវបានតែងតំាងជា៖កោសល្យតន្ត្រីវិជ្ជាធរ  ១១.ព្រឹទ្ធាចារ្យសិល្បៈអ៊ុំសាមិត្តត្រូវបានតែងតំាងជា៖នាដភក្ដីនិមិត្ត ១២.ព្រឹទ្ធាចារ្យសិល្បៈព្រីងសាឃនត្រូវបានតែងតំាងជា៖នាដកោសល្យវដ្តី   ១៣.ព្រឹទ្ធាចារ្យសិល្បៈពៀកចាប៉ិចត្រូវបានតែងតំាងជា៖វោហារកោសល្យវដ្តី  ១៤. ព្រឹទ្ធាចារ្យ៖ជិតជនត្រូវបានតែងតំាងជា៖គរុពហុស្សូត  ១៥.ព្រឹទ្ធាចារ្យ៖ទេពផុនត្រូវបានតែងតំាងជា៖វិជ្ជាធម្មគរុ                ១៦.ព្រឹទ្ធាចារ្យ៖ម៉ែនប្រាង្គត្រូវបានតែងតំាងជា៖កោសល្យវិជ្ជាគរុ   ១៧ .ព្រឹទ្ធាចារ្យ ទា វ៉ាន ត្រូវតែងតាំងជា៖ បញ្ញាកោសល្យវិជ្ជា
ការតែងតាំងនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង ការលះបង់របស់ពួកគាត់ដែលបានធ្វើពលិកម្មជាច្រើនបម្រើឲ្យវិស័យសិល្បៈខ្មែរ ដោយផ្អែកលើតម្លៃគុណសម្បត្តិ ដូចជា ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯក ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី ។ យោងតាម ព្រះរាជក្រឹត្យ ស្ដីពីប្រព័ន្ធមតកមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយការតែងតាំង មតកមនុស្សរស់ ទាំងអស់ មានកាតព្វកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើកិច្ចការមួយចំនួន ក្នុងនោះមាន រៀបចំចងក្រងឯកសារសម្រាប់បង្ហាត់បង្រៀន ផ្សព្វផ្សាយ ដែលបម្រើប្រយោជន៍សង្គមជាតិ ផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសរបស់ខ្លួនដោយគ្មានលាក់លៀម ដល់អ្នកជំនាន់ក្រោយតាមរយៈការបណ្ដុះបណ្ដាល។ក្រៅពីនេះ នៅមានកាតព្វកិច្ច ផ្សព្វផ្សាយចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសដែលខ្លួនមាន ឲ្យបានទូលំទូលាយដល់សាធារណជនទូទៅ តាមគ្រប់មធ្យោបាយ ។ បន្តថែរក្សាឲ្យបានគង់វង្ស និងអភិវឌ្ឍន៍ចំណេះដឹងជំនាញ ទេពកោសល្យ និងបច្ចេកទេសដែលសាមីខ្លួនបានទទួលកិត្តិយស។ តាមព្រះរាជក្រឹត្យនេះដដែល មតកមនុស្សរស់ នឹងទទួលបានមកវិញនូវលាភសក្ការៈដូចជា ប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែពីថវិកាជាតិ និងការទទួលការឧបត្ថម្ភជាសម្ភារៈថវិកា និងមធ្យោបាយសម្រាប់ការស្រាវជ្រាវ និងការបណ្ដុះបណ្ដាលជាដើម។យ៉ាងណាក៏ដោយ ផលប្រយោជន៍និងលាភសក្ការៈរបស់មតកមនុស្សរស់ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

ស្រាវជ្រាវដោយ៖ យុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី
វាយអត្ថបទរៀបចំដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

បុប្ជាកៀនឃ្លំាង

បុប្ជាកៀនឃ្លំាង
------------------
បុប្ជាកៀនឃ្លំាង ទៅនៅនាយសមុទ្រ
កាណាដា ផុតពីកម្ពុជា
រៀមនឹកអើយនឹក នឹកពៅពុំងា
ស្រណោះកាលគ្រា យើងនៅសិក្សា ។
បុប្ជាកៀនឃ្លំាង សែនស្រស់ដាច់វ៉ូង
ធ្វើអោយបេះដូងបង រំភើបម្លេះណា
ទោះវ័យជាង សាម ក៏រៀមស្នេហា
កែវកនិដ្ឋា នៅតែស្រស់ស្អាត ។
--------------------------------------------
ផេង សុខវ៉ាន់ដា